ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី១ – ១៩
ទី
កន្លែងអ្នកតានោះ ជាទីរហោស្ថាន
មានរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញមានមែកបែកសាខា
មានម្លប់ត្រឈៃត្រជាក់ គួរឲ្យសប្បាយរីករាយអស្ចារ្យ
ហើយមានសត្វបក្សីបក្សាកញ្ឆៀវខ្ញៀវខ្ញារ
ប្រចឹកគ្នាលើមែកព្រឹក្សានោះ ឮសូរសំឡេងទ្រហឹង ។
បន្ទាប់អំពីរុក្ខជាតិ មានវាលស្រែព័ទ្ធជុំវិញ បើមើលអំពីចម្ងាយទៅ ឃើញរុក្ខជាតិដង្គុំត្រសុំខ្មួលខ្មៅ ដាច់ស្រយាលអំពីភូមិស្រុក ។ បណ្ដាដើមឈើទាំងអស់នៅទីនោះ មានដើមសំរោងមួយខ្ពស់ធំជាងឈើឯទៀតៗ ដុះចំពីមុខអាស្រម ។ ពីសាលាខែត្រពោធិ៍សាត់ ទៅអ្នកតានោះ ចម្ងាយប្រមាណជា ៦ គីឡូម៉ែត្រ ។ គេត្រូវចេញតាមផ្លូវថ្នល់ ពីសាលាខែត្រទៅទិសខាងលិច ប្រមាណជាពីរគីឡូម៉ែត្រ ត្រូវងាកទៅទិសខាងត្បូង កាត់ផ្លូវអយស្ម័យយាន ដល់ឃុំបាក់នឹម បែរទៅទិសខាងលិច ដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើង ទើបដល់កន្លែងអ្នកតា ។
ជុំ
វិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ នៅត្រង់ចន្លោះរុក្ខជាតិ ។
នៅពីខាងត្បូងអាស្រមជាទីវាលទុកសម្រាប់ធ្វើរោង មានបណ្ដោយ ៦០
ម៉ែត្រ ទទឹង ៤០ម៉ែត្រ ។ អាស្រមនោះធ្វើដោយឈើ ប្រក់ស្បូវមានបណ្ដោយ ៨ ម
ទទឹង ៤ ម កម្ពស់ ៤ ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ ។
ជុំវិញអាស្រមមានលានទំហំ ៤ ម
ទុកបម្រុងឲ្យពួកអ្នកទៅធ្វើបុណ្យដើរហែប្រទក្សិណនៅពេលឡើងអ្នក
តា ។ ពីខាងក្រៅទីវាល មានរបងធ្វើដោយឈើខ្លឹមព័ទ្ធជុំវិញ
មានតែផ្លូវចូលពីខាងកើតមួយ និងពីខាងត្បូងមួយ ។
ក្នុងអាស្រមខាងមុខតួអ្នកតា មានរានម៉ា បណ្ដោយ ៣ ម ទទឹង ២ម កម្ពស់ ៥
តឹក ធ្វើដោយឈើ ជារានសម្រាប់ដាក់ដង្វាយអ្នកតា
ខាងជើងនិងខាងត្បូងអ្នកតា
មានបង្កាន់ដៃដោតដោយចាមរនិងបៃមន់ធ្វើដោយឈើដែរ ។
តួ
អ្នកតា មិនមានរូបរាងបែបឈើ ឬ ថ្មជាតំណាងទេ
គឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២
ម៉ែត្រ ដែលកើតអំពីសត្វកណ្ដៀរវាពូនលើង
សន្មតថាជាតួអ្នកតាតែម្ដង នៅកំពូលនៃដំបូកមានពំនូកដី ៤-៥
ស្រួចៗបែកចេញ មើលទៅដូចជាកំពូលនគរវត្ត ។
កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកថា
បើមានសត្វកណ្ដៀរពូនឡើងថ្មីទៀត សន្មតថា ចៅហ្វាយខែត្រ
ឬចៅហ្វាយស្រុកនៅខែត្រ-ស្រុក
នោះ នឹងត្រូវផ្លាស់ចេញ ឬខូចបុណ្យសក្ដិ
ដីដំបូកនេះមិនដឹងថាកើតពីត្រឹមរាជ្យស្ដេចណាទេ
ពុំមានអ្នកស្រុកណាដឹងសោះ ។
ពិធីបុណ្យឡើងអ្នកតា- បុណ្យ
នេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយរបស់អ្នកស្រុក
និងពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំ ក្នុងខែពិសាខ ថ្ងៃសៅរ៍ ។
តែមិនកំណត់ជាខ្នើតឬរនោចទេ រើសយកតែថ្ងៃសៅរ៍
ពេលធ្វើលុះណាតែមានសេចក្ដីបង្គាប់ អំពីចៅហ្វាយស្រុកបាកាន
ប្រាប់ទៅមេឃុំ មេស្មឹង
អាចារ្យវត្តនិងបណ្ដារាស្ត្រទាំងអស់ឲ្យដឹងជាមុន ដើម្បីមកជួបជុំ
ជួយធ្វើរោងក្រសាល និងរៀបចំបោសច្រាសទីកន្លែងឲ្យស្អាតល្អ
សម្រាប់ព្រះសង្ឃ និងមន្ត្រីរាជការក្នុងខែត្រ ។
ទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុក ។ កាលពីថ្ងៃទី ១៨ មិថុនា ឆ្នាំ
១៩៤៩ ពេលចាប់ផ្ដើមបុណ្យត្រូវជួបជុំមេឃុំទាំងអស់ មេស្មឹង
អាចារ្យវត្ត និងបណ្ដារាស្ត្រ នៅទីកន្លែងអ្នកតា ។ ពេលម៉ោង ៦ ល្ងាច
មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតា :” ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យនៅទីនេះជូនលោកតា សុំឲ្យយើងទាំងអស់គ្នា បានសុខសប្បាយ “រួច
គេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ
ភ្លេងត្រពាំងទា តាមធម្មតា ឮសូរភ្លេងប្រគំទ្រហឹងអឹងកងរំពងព្រៃ
មនុស្សចាស់ក្មេង រទេះគោ រទេះក្របី មកពីស្រុកឆ្ងាយៗ
មកជួបជុំគ្នាមីរដេរដាសនៅទីនោះ ។ ម៉ោង ៩ យប់
ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្តព្រះសង្ឃ ១០
អង្គចម្រើនព្រះបរិត្ត ។
លុះ
ព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨ កន្លះ
ពួកមន្ត្រីរាជការសាលាខែត្រ សាលាស្រុកគ្រប់តំណែង
អញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះ ហើយចូលទៅឈរនៅខាងត្បូងអ្នកតា
មេស្មឹងអុជទៀនធូប ជូនអស់លោកដោតថ្វាយអ្នកតា ដោយសេចក្ដីគោរព
រួចមេស្មឹងបង្គាប់ឲ្យលើកគ្រឿងតង្វាយ មករៀបនៅលើរាន
ចំពោះមុខអ្នកតា ។
តង្វាយអ្នកតាគឺ ៖
១- កន្ទេលក្រហម ខ្នើយ
២- សំពត់សក្រាលពីលើកន្ទេល
៣- ស្លាធម៌ដូង ១ គូ (ដោតម្លូ ៥ ស្លា ៥ ធូប ៣ សរសៃ)
៤- ក្បាលជ្រូក ១ គូ មានទាំងកន្ទុយដាក់នៅមាត់ផង ។
៥- ផ្ដិលទឹកអប់ ១ គូ ឈើស្ទន់ ១
៦- ពានស្លាបារីមួយគូ
៧- ដបស្រា ១ គូ មានទាំងពែង
៨- ចេកនួន ២ ស្និត តម្កល់លើចានទាប
៩- បង្អែម ២ ស្ពក
១០- ចំអាម ២ ស្ពក
១១-កន្ទោងស្លឹកចេក ១ គូ
១២- មាន់ស្ងោរ ១គូ
១៣- ស្នែងសត្វទន្សោង ១ គូ
រណ្ដាប់
តង្វាយទាំង ១៣ មុខនេះ មានគូគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្ដាំ
ក្រៅអំពីតង្វាយ ១៣
មុខនេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូរណ៍ត្រៀបត្រា
ដាក់នៅរាននោះ ។ គេអុជទៀនធូបចែកគ្នាកាន់
ដើរហែប្រទក្សិណជុំវិញអាស្រម ជាការគោរពចំពោះអ្នកតា
និងនឹកគុណដល់លោកឧកញ៉ាសេនាបតីមឿងដែលស៊ូប្ដូរជីវិត
យកឈាមក្រាលផែនដី មានកេរ្តិ៍ឈ្មោះតាំងពី គ. ស. ១៥១៦
ដរាបមកដល់សព្វថ្ងៃនេះទើបអ្នកស្រុកសន្មតហៅថា អ្នកតាឃ្លាំងមឿង
។ គេរើសរកមនុស្សឲ្យមានរូបរាងប៉ុនៗគ្នា ២ នាក់
សម្រាប់ពាក់ស្នែងសត្វទន្សោង១
តែងតួស្លៀកសំពត់ផាមួងចងក្បិន ខ្លួនទទេ អ្នករាំ ២ នាក់ទៀត
ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង
ម្នាក់ស្ពាយបាយសំណុំដើរតាមពីក្រោយ
ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ ៣ ជុំរួចហើយ
គេលេងភ្លេងរាំស្នែងទន្សោង ភ្លេងនោះឈ្មោះ ” ភ្លេងភ្លាំង ” អ្នក
រាំចាប់ពាក់ស្នែងរួច ក្រាបថ្វាយបង្គំអ្នកតា ៣ ដង
ឡើងរាំបែរឆ្វេងរៀងខ្លួន មកជួបគ្នាគ្រប់គ្នាម្ដង ដល់គម្រប់ ៣ ដង
វារនឹងដីអួតដាក់គ្នា ជល់គ្នាដូចគ្នាដូចសត្វមែនៗ
ព្រានព្រៃដើររកស្នាមជើងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់ ។
មនុស្សឈរមើលពេញទីវាល នៅមុខអាស្រមអ្នកតានោះ ។
ទំនុកច្រៀង
១- បងដើរព្រៃស្តុក តត្រុកព្រៃស្បាតៗ ដើរកាត់ព្រៃញាត លេចវាលចូលព្រៃ ។
២- ឡើងភ្នំចុះភ្នំ ថ្មដាធំៗ ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា
កៀងញីឃ្មាតខ្មីៗ ល្បាស់ព្រេចលាស់ខ្ចី ស្រណោះខែពិសាខៗ ។
៣- កន្ទ្រែតៗអើយ ទន្សោងគោបា លេបបន្លាបន្លាជើង ភ្នំលេបក្រមុំទាំងមូលៗ ។
៤- ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជូន កាប់ឫស្សីចងក្បូន ជូនប្អូនទៅស្រុកៗ ។
៥- កន្សែងបងបាត់ បងមិនស្ដាយ បំណាច់ប្អូនឃ្លាតឆ្ងាយ បងស្ដាយតែប្អូនស្រីៗ ។
ពួក
អ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់
ឃើញសត្វទន្សោងជល់គ្នាជាប់ ក្រាបរៀងខ្លួន លបបាញ់បាន
ទើបដោះយកស្នែងសត្វទន្សោងទាំងពីរ ទៅតម្កល់នៅកន្លែងដើមវិញ (លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោង ចាក់ស្រា ដោតធូប ៣សរសៃ រួចនិយាយបួងសួងថា “ថ្ងៃ
ជាថ្ងៃជាពេលាល្អ
យើងខ្ញុំមកជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសលចំពោះលោកតា មឿង
ដែលមានគុណចំពោះស្រុកខ្មែរ
សូមលោកតាឲ្យពរសព្ទសាធុការដល់ប្រទេសកម្ពុជាឲ្យបានសុខសប្បាយ
សូមឲ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូង
សោយសេចក្ដីសុខក្នុងរាជសម្បត្តិ សូមឲ្យបានសេចក្ដីសុខសប្បាយ
អស់កាលជាអង្វែងរៀងទៅ សូមឲ្យទឹកភ្លៀងបង្អោរចុះមក
ឲ្យបានសព្វផែនដីប្រទេសកម្ពុជា ឲ្យស្រុកសម្បូណ៌សប្បាយ
កុំឲ្យមានភ័យអន្តរាយអ្វីឡើយ ។ បួងសួង ៣ ដងស្រេចហើយ
យកកន្ទោងទៅដាក់ក្រោមដើមសំរោង នៅមុខអាស្រម ។
រួចលើកគ្រឿងតង្វាយទាំងអស់ចេញ ។ និមន្តព្រះសង្ឃ ៥ អង្គបង្សុកូល
ពួកឧបាសកសូត្រឧទ្ទិសផល មេស្មឹងយកទឹកអប់ទៅលើដំបូក
ដែលជាតួអ្នកតា ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក
និងមន្ត្រីតូចតាចគ្រប់ដំណែង បាចទឹក ១ ផ្តិលៗ ម្នាក់
រួចអញ្ជើញទៅរាប់បាត្រនៅវាលមុខរោងព្រះសង្ឃ ។
ម៉ោង
១១ រៀបភោជនាហារ
លៀងពួកមន្ត្រីសាលាខែត្រសាលាស្រុកធំតូចគ្រប់ដំណែងដោយវត្ថុដ៏
ឧត្ដម ពីសាសប្បាយ មានភ្លេងត្រពាំងទា
មានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង ១២
ជាការបង្ហើយកិច្ច ។
អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ មានសេចក្ដីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ (សករាជ និងរាជ្យណាមិនប្រាកដ) មាន
ដើមឈើ ១ ដើមនៅក្នុងស្រុកពោធិ៍សាត់ ថ្ងៃមួយព្រាន ២នាក់
មានឈ្មោះមិនប្រាកដនាំគ្នាចូលព្រៃ
ដើម្បីបរបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ លុះចូលទៅដល់ដើមឈើនោះ
ឮសូរសំឡេងសត្វកន្លង់ពីរោះ
ហាក់ដូចសូរសំឡេងភ្លេងដូរ្យតន្ត្រីលាន់ឮរងំ ដូចជាសំឡេងទ្រសាយដៀវ
ឃើញសត្វទន្សោង ១គូ លោតកញ្ឆេងជល់គ្នាលេង ដូចគេរាំ ។ មានសត្វខ្លា
១ គូក្រាបនៅទីនោះ វាគោះកន្ទុយហាក់ដូចគេវាយស្គរ ។
មានសត្វក្ងោក ១ គូ កាងស្លាប បើកកន្ទុយ លោតចុះលោងឡើង
ហាក់ដូចគេចាក់ត្លុកចាក់ក្បាច់ ។ ព្រានទាំងពីរនាក់លាន់មាត់ថា ” ឱហ្ន ! សត្វ
ទាំងនេះប្លែកចម្លែកអស្ចារ្យ
សូរសំឡេងសត្វកន្លង់ដូចសំឡេងដូរ្យតន្ត្រី សត្វទន្សោងនិងសត្វក្ងោក
ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម
យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងនេះ
ទុកជាកេរ្តិ៍ឲ្យកូនចៅឯក្រោយ។
1លោក ហ៊ីង ប៉ុនថុន បានចម្លងឯកសារនេះ អំពីឯកសារក្រុមល្ខោនជាតិ ។
១ទៅខាងក្រោយមាននិយាយថា មានពាក់កន្ទុយក្ងោកផង
0 មតិរបស់អ្នក:
Post a Comment